មាតិការព័ត៌មានថ្មីៗ
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

ត្តម​​សេ​នី​​យ៍ឯ​ក​ ហ៊ុន ម៉ាណែតអញ្ជើ​ញជាអធិបតី​ភាពក្នុ​ងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី២៦ និងបើកវគ្គហ្វឹកហ្វឺនជំនាញឆ្លាមសមុទ្រ ជំនាន់ទី៧ កងពលតូចទ័ពពិសេសឆត្រយោង ៩១១

ចេញផ្សាយ ៖ ថ្ងៃព្រហស្បតិ៍ ១៥រោជ ខែផល្គុន ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី៤ ខែ មិនា ឆ្នាំ២០១៩ ដោយអង្គភាព សម្លេងមាតុភូមិ ប្រិយមិត្តមានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធតាមរយះលេខ 011332023 / 0973455588

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី២៦ និងបើកវគ្គហ្វឹកហ្វឺនជំនាញឆ្លាមសមុទ្រ ជំនាន់ទី៧ កងពលតូចទ័ពពិសេសឆត្រយោង ៩១១ នៅថ្ងៃព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ បានថ្លែងថា វគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី២៦ ក៏ដូចជាវគ្គហ្វឹកហ្វឺនជំនាញឆ្លាមសមុទ្រជំនាន់ទី៧ ដែលយើងកំពុងធ្វើពិធីបិទ និងបើកនាពេលនេះ គឺជាផ្នែកមួយនៃផែនការស្តីពីការងារហ្វឹកហ្វឺនកងទ័ពជើងគោក ឆ្នាំ២០១៩ ដោយក្នុងនោះ ការងារហ្វឹកហ្វឺនត្រូវបានចាត់ទុកជាការងារអាទិភាពចាំបាច់ដែលត្រូវដំណើរការបន្តបន្ទាប់ជាប្រចាំដូចភ្លៀងរលឹម ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រការពារជាតិ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ។ វគ្គហ្វឹកហ្វឺនទាំងពីរនេះ ពិតជាបានឆ្លើយតបតាមសេចក្តីត្រូវការក្នុងពង្រឹង និងពង្រីកសមត្ថភាពជំនាញ ដើម្បីធានាបានការបំពេញតួនាទី និងភារកិច្ចការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានដាច់ខាត ស័ក្តិសមនឹងទំនុកចិត្តដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាមានចំពោះកងយោធពលខេមរភូមិន្ទ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានដាក់ចេញនូវផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីធានាកិច្ចការពារប្រកបដោយប្រសិទ្ធភាពនូវអធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។ កងយោធពលខេមរភូមិន្ទជាបណ្តើរៗ បានធ្វើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបង្កើនគុណភាពហ្វឹកហ្វឺន និងបណ្តុះបណ្តាលយោធិនអាជីព ក្នុងគោលដៅកសាងជួរកងកម្លាំងប្រដាប់អាវុធវ័យក្មេង សម្រាប់បន្តវេននាពេលអនាគត ដែលជាកត្តាគន្លឹះដ៏សំខាន់មួយ ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពការងារ ធានាជោគជ័យ និងនិរន្តរភាពក្នុងការកែទម្រង់លើគ្រប់វិស័យនៅកម្ពុជា។
ឧត្តមសេនីយ៍ឯក ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចទ័ពពិសេសឆត្រយោង៩១១ ទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការបំពេញភារកិច្ច ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការចូលរួមថែរក្សាសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ សម្រេចបានលទ្ធផល និងស្នាដៃល្អប្រសើរ ជូនជាតិមាតុភូមិ។ ជាពិសេស កងពលបានយកចិត្តទុកដាក់គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់បទបញ្ជា និងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ដោយធានាបានទាំងស្រុងនូវការអនុវត្តភារកិច្ចស្នូលជាកម្លាំងអន្តរាគមន៍ ត្រៀមប្រយុទ្ធគ្រប់ពេលវេលា និងការពារទប់ស្កាត់រាល់អំពើអសន្តិសុខ និងអំពើភេរវកម្ម ដែលបង្កការគំរាមកំហែង និងអស្ថិរភាពក្នុងសង្គម ក៏ដូចជាការបំពេញតួនាទីជាមជ្ឈមណ្ឌលហ្វឹកហ្វឺនជំនាញទ័ពពិសេស កសាងប្រភពធនធានមនុស្សប្រកបដោយសមត្ថភាព បម្រើឱ្យស្ថាប័ន-កងអង្គភាពផ្សេងៗទៀត នៃកងយោធពលខេមរភូមិន្ទ។ ក្រៅពីនេះ កងពលក៏បានយកចិត្តទុកដាក់ប្រុងប្រៀបកម្លាំង និងមធ្យោបាយសម្ភារៈ ដើម្បីសហការណ៍ជួយសង្គ្រោះប្រជាជននៅពេលមានគ្រោះមហន្តរាយ និងគ្រោះធម្មជាតិផងដែរ។ ទាំងនេះ ស្តែងឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងរបស់កងពលតូចទ័ពពិសេសឆត្រយោង៩១១ ក្នុងការបំពេញបានយ៉ាងខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវតួនាទី និងភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ស្របតាមច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាផែនការរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក។ ខ្ញុំពិតជាមានមោទនភាពចំពោះស្នាដៃ និងសមិទ្ធផលដែលសម្រេចបានទាំងនេះ ជាពិសេសវាបានឆ្លុះបញ្ចាំងឱ្យឃើញអំពីការប្តេជ្ញាចិត្តដ៏មុះមុត ក៏ដូចជាសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំរបស់ថ្នាក់ដឹកនាំ និងយោធិនទូទាំងកងពលទាំងមូលក្នុងការសម្រេចភារកិច្ចបម្រើជាតិមាតុភូមិ និងប្រជាជន។
ក្នុងនាមបញ្ជាការដ្ឋានកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងស្ថាប័នជំនាញពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានជួយឧបត្ថម្ភជ្រោមជ្រែង និងបង្កលក្ខណៈគ្រប់បែបយ៉ាង ដល់ការរៀបចំវគ្គហ្វឹកហ្វឺននេះ រហូតវគ្គហ្វឹកហ្វឺនទាំងមូល បានដំណើរការបញ្ចប់ដោយជោគជ័យស្របតាមផែនការ និងគោលការណ៍បច្ចេកទេសដែលបានកំណត់។
ឆ្លៀតក្នុងឳកាសនេះដែរ ឧត្តមសេនីយ៍ឯក សូមសំណូមពរ និងលើកទឹកចិត្ត ឱ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជំរុញប្រសិទ្ធភាពការងារឱ្យបានកាន់តែប្រសើរទៅមុខ ជាពិសេសចំពោះការងារហ្វឹកហ្វឺនផ្ទាល់ មេបញ្ជាការគ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពការងារហ្វឹកហ្វឺន ដែលជាការងារស្នូល ដែលត្រូវធ្វើជាប្រចាំ ដើម្បីលើកម្ពស់សមត្ថភាពប្រយុទ្ធ ត្រៀមប្រយុទ្ធដល់ យោធិន ក្នុងនោះត្រូវពង្រឹងការងារគ្រប់គ្រងចំនួនទ័ពពេលហ្វឹកហ្វឺន ធានាសន្តិសុខ សុវត្ថិភាព ទាំងមនុស្ស និងសម្ភារៈគ្រឿងបំពាក់ឱ្យបានល្អប្រសើរ សំដៅលើកកម្ពស់ការកសាងធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ ឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ច ទាំងក្នុងដំណាក់កាលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត៕




Leave a Reply

Your email address will not be published. Required fields are marked *