មាតិការព័ត៌មានថ្មីៗ
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ អញ្ជើញចាក់បេតុងភ្ជាប់ស្ពានឆ្លងកាត់ព្រំដែន ដែលជាប្រវត្តិសាស្ត្រថ្មីមួយរវាងប្រទេសពីរ  

ចេញផ្សាយ ៖ ថ្ងៃចន្ទ ៣រោជ ខែផល្គុន ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២២ ខែ មេសា ឆ្នាំ២០១៩ ដោយអង្គភាព សម្លេងមាតុភូមិ ប្រិយមិត្តមានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធតាមរយះលេខ 011332023 / 097345558

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃចន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯ,ឧ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានអញ្ជើញជាអធិបតីក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ដែលចាក់បេតុងតភ្ជាប់នៅថ្ងៃនេះ បានសាងសង់ដោយកងវិស្វកម្មនៃកងទ័ពភូមិន្ទរថៃ ហើយសិក្សា និងត្រួតពិនិត្យបច្ចេកទេសដោយនាយកដ្ឋានហាយវ៉េ (DOH) ក្រសួងដឹកជញ្ជូនថៃ ក្រោមជំនួយឥតសំណងពីរាជរដ្ឋាភិបាលថៃជាង ១៩លានដុល្លារអាមេរិក។ ក្រៅពីជំនួយ ឥតសំណងពីរាជរដ្ឋាភិបាលថៃលើគម្រោងសាងសង់ស្ពានខាងលើ រាជរដ្ឋាភិបាលកម្ពុជា បានចូលរួមថវិកាបដិភាគសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ ។ ស្ពាននេះជាស្ពានធំទី១ ដែលបានសាងសង់លើខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលខណ្ឌព្រំសីមាលេខ៥០ និងលេខ៥១។ ស្ពាននេះមានប្រវែង ៦២០ម៉ែត្រ ទទឹង ១៧ម៉ែត្រ ដោយនៅផ្នែកកម្ពុជាមានប្រវែង ២១៥ម៉ែត្រ នៅផ្នែកខាងថៃ មានប្រវែង ៤០៥ម៉ែត្រ។ ការសាងសង់ស្ពាននេះ គឺជាការបើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយរវាងប្រទេសទាំងពីរសំដៅធ្វើឱ្យប្រសើរឡើងការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងកម្ពុជា-ថៃ ។

សម្តេចតេជោ ហ៊ុន សែន សម្តែងភាពរីករាយដោយបានមកចូលរួមជាមួយឯ,ឧ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ដើម្បីប្រារព្ធពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានឆ្លងកាត់ព្រំដែន មិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ដើម្បីភ្ជាប់ប៉ុស្តិព្រំដែននៃប្រទេសយើងទាំង២ កម្ពុជា-ថៃនាពេលនេះ ។ សម្តេច បន្តថា សម្តេចនៅចងចាំថា តបតាមការសន្យារបស់សម្តេច ជាមួយឯ,ឧ ឧត្តមសេនីយ៍ ប្រាយុទ្ធចាន់អូចា សម្តេចបានតែងបទចម្រៀងចំនួន ៤បទ ដែលក្រុមតន្ត្រីរបស់យើង នឹងប្រគុំនាពេលបន្តិចទៀតនេះ ដើម្បីអបអរសាទរចំណងមិត្តភាពកម្ពុជា-ថៃ រឹងមាំស្ថិតស្ថេរចីរកាល។

សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា ការសាងសង់ស្ថាននេះ គឺជាការបើកនូវទំព័រប្រវត្តិសាស្ត្រថ្មី រវាងប្រទេសយើងទាំងពីរសំដៅធ្វើឱ្យប្រសើរឡើងនូវការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ ហើយដែលប្រទេសយើងទាំង ២ បានប្រសិទ្ធនាមឈ្មោះស្ថាននេះថាជា ស្ថានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់- បានណងអៀន)

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា ការសាងសង់ស្ថាននេះ បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជា និងប្រជាជនថៃ និងបានផ្តល់ភាពងាយស្រួលដល់ប្រជាជនក្នុងប្រទេសមហាអនុតំបន់មេគង្គ ដើម្បីសម្រួលដល់ការតភ្ជាប់ទីក្រុងបាងកក-ភ្នំពេញ និងក្រុងហូជីមិញ ក្នុងគោលដៅជំរុញពាណិជ្ជកម្ម ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការដឹកជញ្ជូន ស្របតាមការគិតគូរបស់សហគមន៍អាស៊ាន និងប្រទេសក្នុងមហាអនុតំបន់មេគង្គ ដែលបានកំណត់ផ្លូវពីបាងកក-បោយប៉ែត- ភ្នំពេញ-ហូជីមិញ ជាផ្លូវអាស៊ានហាយវេលេខ១ និងជាផ្លូវរបៀងសេដ្ឋកិច្ចខាងត្បូង ដើម្បីឱ្យការដឹកជពានទំនិញចេញចូលមានភាពងាយស្រួល។ ម៉្យាងវិញទៀត ស្ថាននេះ នឹងទុកសម្រាប់តែការដឹកជញ្ចូនទំនិញចេញចូលចំណែកឯច្រកព្រំដែនបៅយប៉ែត- អារញ្ញប្រថេត ទុកសម្រាប់តែភ្ញៀវទេសចរឆ្លងកាត់ប៉ុណ្ណោះ ។

សម្តេចថា ស្ពាននេះជាស្ថានធំទី១ ដែលបានសាងសង់លើខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលខណ្ឌព្រំសីមាលេខ៥០ និងលេខ៥១ ស្ពានមានប្រវែង៦២ម៉ែត្រ ទទឹង១៧ម៉ែត្រ ដោយនៅផ្នែកកម្ពុជាមានប្រវែង ២១៥ម៉ែត្រ នៅផ្នែកថៃមានប្រវែង៤០៥ ម៉ែត្រ ។ សម្តេចតេជោ បានបន្ថែមថា ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់- បានណងអៀន) ដែលបានសាងសង់នាពេលនេះ ពិតជាបានជួយសម្រួល ដល់ការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ នៅពេលដែលច្រកព្រំដែន បោយប៉ែត – អារញ្ញប្រាថេត មានការឆ្លងកាត់ទំនិញ និង ទេសចរកាន់តែមមាញឹកយ៉ាងខ្លាំង ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ស្ថានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់- បានណងអៀន) ជាស្ពានភ្ជាប់និស្ស័យរវាងប្រជាជនខេត្តបន្ទាយមានជ័យ និងប្រជាជនខេត្តស្រះកែវ ពិសេសជាស្ថានភាប់និស្ស័យរវាងប្រជាជនកម្ពុជា និង ប្រជាជនថៃ ដែលត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រនៃប្រទេសយើងទាំងពីរ ។

ឯកឧត្តម នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានមានប្រសាសន៍ក្នុងពិធីឆ្លងសមិទ្ធផលកសាងស្ពានមិត្តភាពថៃកម្ពុជា (បានណងអៀន-ស្ទឹងបត់) ថា កាលពីខែកញ្ញា ឆ្នាំ 2017 ឯ,ឧ នឹងសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានជួបគ្នាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះក្រៅផ្លូវការកម្ពុជា-ថៃ នៅទីក្រុងភ្នំពេញ ក្នុងកិច្ចពិភាក្សាពេញអង្គនោះ ភាគីទាំងពីរ មានសេចក្ដីសោមនស្សរីករាយចំពោះការចាប់ផ្ដើមសាងសង់ស្ពាននេះឡើង ហើយថ្ងៃនេះ យើងទាំងពីរ បានឃើញជាក់ច្បាស់នឹងភ្នែកដែលស្ពានមិត្តភាពថៃ-កម្ពុជា (បានណងអៀន ស្ទឹងបត់) បានសាងសង់រួចរាល់ជាស្ថាពរ ។ ស្ពានឆ្លងកាត់ព្រំដែនថៃ-កម្ពុជាមួយនេះ ចាត់ទុកជាស្ពានតភ្ជាប់ប្រទេសទាំងពីរដំបូងគេ ដែលស្ពាននេះជាភាពបង្ហាញឲ្យឃើញយ៉ាងច្បាស់អំពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ដែលជាប្រទេសជិតខាងគ្នា មានទំនាក់ទំនងដ៏ជិតស្និទ្ធជាយូរអង្វែងមកហើយ ។

ឯ,ឧ នាយករដ្ឋមន្ត្រីថៃ សង្ឃឹមយ៉ាងមុតមាំថា ភាគីទាំង២ នឹងរួមសហការគ្នាធ្វើឲ្យស្ពាននេះ បើកដំណើរការបានទាំងស្រុងក្នុងពេលឆាប់ៗនេះ។ ឯ,ឧ ប្រាយុទ្ធ បានជំរុញឲ្យស្ថាប័នដែលទទួលខុសត្រូវ ចាប់ផ្ដើមដំណើរការសាងសង់អគាររដ្ឋបាលព្រំដែនទី២ នៅទីនេះឱ្យបានលឿនបំផុតដោយធ្វើឲ្យរួចរាល់ស្របជាមួយនឹងការធ្វើផ្លូវតភ្ជាប់ស្ពានខាងភាគីកម្ពុជា។ ឯ,ឧ នាយករដ្ឋមន្ត្រី សូមសំដែងការអបអរសាទរយ៉ាងខ្លាំង ដែលបន្ទាប់ពីពិធីចាក់បេតុងតភ្ជាប់ស្ពាន និងពិធីបើកក្រណាត់គ្របបង្គោលផ្លាកស្ពានរួចរាល់ហើយនោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រៀបចំពិធីបញ្ចុះបឋមសិលា ដើម្បីសាងសង់អាគារច្រកគយនិងផ្លូវតភ្ជាប់ស្ពានខាងភាគីកម្ពុជា។

ក្នុងអំឡុងពេលដែលការសាងសង់អាគារដ្ឋបាលព្រំដែនខាងភាគីថៃ នឹងការធ្វើផ្លូវតភ្ជាប់ខាងភាគីកម្ពុជា មិនទាន់រួចរាល់រាជរដ្ឋាភិបាលថៃ មានការប្ដេជ្ញា និងត្រៀមរួចរាល់ក្នុងផ្នែកពាក់ព័ន្ធផ្សេងៗទៀត ធ្វើយ៉ាងណាសម្រេចឲ្យបានលឿនដើម្បីសម្រួលដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ និងសហគមន៍អាស៊ាន ដូចជាការរៀបចំកិច្ចព្រមព្រៀងពាក់ព័ន្ធផ្លូវច្បាប់ក្នុងការឆ្លងដែនតាមស្ពាននេះឲ្យបានចប់សព្វគ្រប់ទាន់ពេល ដើម្បីបម្រើសេវាដល់ប្រជាជន ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅខាងមុខច្រកព្រំដែនខ្លងលឹកបច្ចុប្បន្ននិងបើកច្រកដឹកជញ្ជូនទំនិញឆ្លងដែនថ្មី ឱ្យមានភាពងាយស្រួលជាងមុន រួមទាំងការតភ្ជាប់ឧស្សាហកម្មទាំងអស់ដែលពាក់ព័ន្ធរវាងតំបន់សេដ្ឋកិច្ចពិសេសរបស់កម្ពុជា តំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេសខាងកើត (EEC) របស់ថៃ ហើយតភ្ជាប់ទៅកំពង់ផែទឹកជ្រៅឡែមច្បាំង ដើម្បីនាំទំនិញទៅកាន់ទីផ្សារពិភពលោក។

ក្រៅពីការជំរុញពាណិជ្ជកម្មការវិនិយោគ និងភាពងាយស្រួលក្នុងការដឹកជញ្ជូនរវាងប្រទេសទាំងពីរ ឯ,ឧ ប្រាយុទ្ធ យល់ឃើញថា ស្ពាននេះថែមទាំងជានិមិត្តរូបនៃភាពជោគជ័យនៃការអនុវត្តការងាររួមគ្នារវាងរដ្ឋមន្ត្រីទាំង២ភាគី ហើយនឹងបន្តភ្ជាប់ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រជាជនថៃ និងប្រជាជនកម្ពុជា តាមរយៈស្ពានថ្មីនេះ ដែលស្របទៅតាមសេចក្ដីប្រកាសរបស់អាស៊ាន ដែលផ្ដោតសំខាន់ទៅលើការតភ្ជាប់កម្រិតប្រជាជនអាស៊ាន រួមទាំងបំពេញបន្ថែមផ្លូវដែលត្រូវបានបាត់បង់ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការកម្រិតភូមិភាគ និងអនុភូមិភាគ ជាពិសេស វិស័យគមនាគមន៍ ការដឹកជញ្ជូន និងឡូជីស្ទីក ដូចជាក្របខណ្ឌអាស៊ាន ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនៃអនុតំបន់ដងទន្លេមេគង្គឬ (GMS), ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រផ្នែកសេដ្ឋកិច្ចអាយេយ៉ាវ៉ាឌី ចៅប្រាយ៉ា មេគង្គ(ACMECS) ដែលនឹងជំរុញការសម្របសម្រួលឱ្យមានកិច្ចសហប្រតិបត្តិការលើផ្នែកផ្សេងៗទៀតដូចជា វិស័យសេដ្ឋកិច្ច គមនាគមន៍ ការតភ្ជាប់សង្គម និងវប្បធម៌អប់រំកសិកម្ម និងទេសចរណ៍ ឲ្យឆ្ពោះទៅរកការអភិវឌ្ឍ និងភាពរីកចម្រើនព្រមគ្នា ។

ក្នុងឱកាសដែលប្រទេសថៃ បានទទួលកិត្តិយសធ្វើជាប្រធានអាស៊ានក្នុងឆ្នាំនេះ ឯ,ឧ ចាត់ទុកថា ស្ពានមិត្តភាពថៃ-កម្ពុជា បានណងអៀន-ស្ទឹងបត់ ជាសមិទ្ធផលដ៏អស្ចារ្យសម្រាប់ប្រទេសយើងទាំង២ ជាកាដូដែលរាជរដ្ឋាភិបាលនៃប្រទេសយើងទាំង២ តាំងចិត្តផ្ដល់ជូនប្រជាពលរដ្ឋនៃប្រទេសទាំង២ រួមទាំងសហគមន៍អាស៊ាន បានប្រើប្រាស់ជាប្រយោជន៍ក្នុងការភ្ជាប់ទំនាក់ទំនងគ្នា នៃគ្រប់ផ្នែកទាំងអស់ ពិសេសជាមោទនភាពដែលស្ពាន និងផ្លូវ បានចាប់ផ្ដើមសាងសង់រួចរាល់ក្នុងអាណត្តិរដ្ឋាភិបាលរបស់យើងទាំង២ ។

ឯ,ឧ នាយករដ្ឋមន្ត្រថៃ សូមអះអាងថា គោលការណ៍នៃកិច្ចសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលថៃ ជាមួយរាជរដ្ឋាភិបាលកម្ពុជា នឹងមានជាបន្តបន្ទាប់ដោយភាពស្មោះត្រង់ ជិតស្និទ្ធ និងគង់វង្សជារៀងរហូត ហើយនៅឆ្នាំ ក្រោយជាខួបលើកទី70 នៃទំនាក់ទំនងខាងការទូតរវាងព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជា ដែលអាចនឹងចំពេលជាមួយនឹងវិវឌ្ឍនភាព នៃការកសាង និងការបើកច្រកថ្មីនេះ ។ ក្នុងឱកាសដ៏មានសិរីមង្គលនេះ ឯ,ឧ ប្រាយុទ្ធ សូមគោរពអញ្ជើញសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមពិធីចាក់បេតុងតភ្ជាប់ស្ពាន និងសម្ពោធសមិទ្ធផលការសាងសង់ស្ពានមិត្តភាពថៃ-កម្ពុជា បានណងអៀន-ស្ទឹងបត់) ដើម្បីជាសិរីមង្គល និងជានិមិត្តរូប នៃកិច្ចសហប្រតិបត្តិការថៃ-កម្ពុជា ឲ្យបានស្ថិតស្ថេរយូរអង្វែងតរៀងទៅ ៕




Leave a Reply

Your email address will not be published. Required fields are marked *