មាតិការព័ត៌មានថ្មីៗ
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្វខួបលើកទី២០ របស់អង្គការហេហ្វឺអន្តរជាតិប្រចាំនៅកម្ពុជា។

ចេញផ្សាយ ៖ ថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្វខួបលើកទី២០ របស់អង្គការហេហ្វឺអន្តរជាតិប្រចាំនៅកម្ពុជា។ ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោកជំទាវ អញ្ជើញមកពីក្រសួងពាក់ព័ន្ធ លោក បប់ ប្លុំ អនុប្រធានប្រតិបត្តិអង្គការហេហ្វឺប្រចាំនៅសហរដ្ឋអាមេរីក អង្គការដៃគូអភិវឌ្ឍ វិស័យឯកជន សមាគម តំណាងសហគមន៍កសិកម្ម ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃខេត្តគោលដៅទាំង ១៤ខេត្ត និងតំណាងកសិករដែលទទួលផលពីគម្រោងយ៉ាងច្រើនកុះករ។ ជាកិច្ចចាប់ផ្តើម លោកស្រីកែវ គៀង ប្រធានអង្គការហេហ្វឺប្រចាំកម្ពុជាបានមានមតិស្វគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបអំពីសមិទ្ធផលដែលអង្គការសម្រេចបានក្នុងរយៈពេលកន្លងមក បញ្ហាប្រឈម សំណូមពរ និងផែនការសំខាន់ៗជាចំបាច់ដែលអង្គការត្រូវអនុវត្តបន្តនាពេលអនាគតដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ លើកកម្ពស់សមភាពយេនឌ័រ អាហារូបត្ថម្ភ និងថែរក្សាបរិស្ថានរួមមក លោកបណ្ឌិត Mahendra Lohani ប្រធានកម្មវិធីជាន់ខ្ពស់អង្គការហេហ្វឺអន្តរជាតិប្រចាំតំបន់អាស៊ី និងលោក Bob Bloom អនុប្រធានប្រតិបត្តិនៃអង្គការហេហ្វឺអន្តរជាតិប្រចាំសហរដ្ឋអាមេរិកបានក៏បានឡើងថ្លែងមតិស្វាគមន៍ និងចំណាប់អារម្មណ៍យ៉ាងមានអត្ថន័យផងដែរ។ ជាបឋម ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះព្រឹត្តិការណ៍ដ៏មានអត្ថន័យដែលអង្គការហេហ្វឺកម្ពុជាកំពុងប្រារព្វនាពេលនេះ ជាពិសេសព្រឹត្តិការណ៍នេះនឹងនាំឱ្យយើងកាន់តែបង្កើនកិច្ចសហការដើម្បីរួមគ្នាបម្រើនិងការពារនូវឧត្តមប្រយោជន៍ជាតិ ចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យមានការរីកចម្រើន ឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាជនក្នុងបរិបទបច្ចុប្បន្ននេះ។ ក្នុងនាមក្រសួង និងខ្លួនលោកផ្ទាល់ លោកបានថ្លែងអំណរគុណចំពោះគ្រប់បណ្តាអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ដែលកំពុងមានសកម្មភាពក្នុងសុឆន្ទៈជួយឧបត្ថម្ភគាំទ្រដល់ដំណើរការកសាង និងអភិវឌ្ឍប្រទេសកម្ពុជាចាប់តាំងពីគ្រាក្រលំបាករហូតដល់បច្ចុប្បន្ន ក្នុងនោះអង្គការហេហ្វឺក៏បានចូលរួមបំពេញភារកិច្ចរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៨៤ រហូតមកទល់បច្ចុប្បន្នក្នុងគោលដៅលើកកម្ពស់ផលិតភាពកសិកម្ម បង្កើនប្រាក់ចំណូល និងអាហារូបត្ថម្ភតាមរយៈការផ្តល់សិទ្ធិអំណាចដល់ សហគមន៍ ជាពិសេសការចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនរស់នៅតំបន់ជនបទដែលប្រកបមុខរបរកសិកម្មជាចម្បង។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនអង្គពិធីថា ចក្ខុវិស័យនិងទិសដៅរបស់ក្រសួងសម្រាប់អភិវឌ្ឍវិស័យកសិកម្មគឺត្រូវធ្វើយ៉ាងណាចួលរួមប្រែក្លាយ “កសិកម្មកម្ពុជាឱ្យទៅជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ដែលនាំដល់ការកើនឡើងប្រាក់ចំណូលគ្រួសារកសិករ ប្រកបដោយវិបុលភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា” ក្នុងក្របខណ្ឌកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលដើម្បីរួមចំណែកកសាង និងអភិវឌ្ឍន៍កម្ពុជាឱ្យសម្រេចបាននូវគោលដៅរបស់ខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ក្នុងនោះក្រសួងបានដាក់ចេញនូវយន្តការសំខាន់ៗសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្មរួមមាន៖ ១. ជំរុញកំណើនផលិតកម្មគ្រប់មុខដំណាំតាមរយៈការធ្វើពិពិធកម្មដំណាំដែលមានសក្តានុពល និងបង្កើនការនាំចេញផលិតផលដំណាំកសិកម្ម ដោយពង្រីកទំនើបកម្មកសិកម្ម ដើម្បីបង្កើនផលិតភាព និងការប្រកួតប្រជែងទីផ្សារខ្ពស់ដោយអនុវត្តបច្ចេកទេសកសិកម្មឆ្លាតវៃ និងការបន្ស៉ាំទៅនឹងបម្រែបម្រួលអាកាសធាតុ។ ២. ជំរុញកំណើនផលិតកម្មសត្វ ដោយត្រូវបង្កើនផលិតផលសាច់ និងការចិញ្ចឹមជាលក្ខណៈពាណិជ្ជកម្ម ព្រមទាំងជំរុញការចិញ្ចឹមគោពូជកូនកាត់ល្អៗ និងកំពុងមានទីផ្សារ។ ៣. បង្កើនការគ្រប់គ្រងធនធានជលផលឱ្យមានប្រសិទ្ធភាពនិងនិរន្តរភាព ដោយពង្រឹងការអនុវត្តច្បាប់ស្តីពីជលផល រក្សាស្ថិរភាពនៃការចាប់ផលនេសាទពីធម្មជាតិក្នុងរង្វង់៦០០ពាន់តោនក្នុងមួយឆ្នាំ បង្កើនផលវារីវប្បកម្មឱ្យបាន២០%ក្នុងមួយឆ្នាំៗនឹងធ្វើឱ្យសហគមន៍នេសាទមានកម្រិតជីវភាពកាន់តែប្រសើរឡើង។ ៤. បន្តគ្រប់គ្រងធនធានព្រៃឈើនិងសត្វព្រៃប្រកបដោយចីរភាព ចូលរួមជំរុញការថែរក្សាគម្របព្រៃឈើឱ្យបានល្អប្រសើរ ព្រមទាំងបង្កើនចំណូលរបស់សហគមន៍ព្រៃឈើឱ្យកើន២០%ក្នុងមួយឆ្នាំ តាមរយៈការធ្វើពិពិធកម្មកសិកម្ម និងជំរុញការស្តារព្រៃឈើឡើងវិញ ព្រមទាំងបន្តអនុវត្តនូវវិធានការចាំបាច់នានា ដើម្បីចូលរួមចំណែកធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីមានចីរភាព។ ក្នុងឱកាសនោះ ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវការកោតសរសើរដោយស្មោះសរ ជូនចំពោះឯកឧត្តម លោកជំទាវ ដែលអញ្ជើញមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍ និងប្រទេសជាមិត្តទាំងអស់ ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាក្នុងការកសាងសមិទ្ធផលនានាប្រកបដោយដោយផ្លៃផ្កា ជាពិសេសការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ការអភិវឌ្ឍសហគមន៍ជនបទ និងការកាត់បន្ថយភាពក្រីក្រដែលសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ។ ក្រសួងរំពឹងយ៉ាងមុតមាំទៅលើស្មារតីមនុស្សធម៌ជាប្រពៃណីរបស់អង្គការមិនមែនរដ្ឋាភិបាល ដែលជាដៃគូដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងការរួមគ្នាកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងជំរុញការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី០៤ ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសដែលរៀបចំខ្លួនបានទាន់ពេលវេលា និងសមស្របដើម្បីទទួលបានផ្លែផ្កាពីយុគសម័យឌីជីថលឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។




Leave a Reply

Your email address will not be published. Required fields are marked *