មាតិការព័ត៌មានថ្មីៗ
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

បញ្ជូនមន្ដ្រីរដ្ឋបាលព្រៃឈើ និងមន្ដ្រីបរិស្ថាន ៣នាក់ នៅខេត្តមណ្ឌលគិរី ទៅតុលាការពាក់ព័ន្ធបទល្មើសព្រៃឈើ

ចេញផ្សាយ ៖ ថ្ងៃសៅរ៍ ១១ រោជ ខែអាសាឍ ឆ្នាំកុរ ព.ស២៥៦៣ ត្រូវថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩

 

(មណ្ឌលគិរី)៖ បន្ទាប់ពីឃាត់ខ្លួន និងបញ្ចប់ការសួរនាំជំហ៊ានដំបូងនោះ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជូនខ្លួនមន្ដ្រី ៣នាក់ទៀត រួមមាន មន្ដ្រីរដ្ឋបាលព្រៃឈើ២រូប និងមន្ដ្រីបរិស្ថានម្នាក់ នៅខេត្ដមណ្ឌលគិរី ពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើ ទៅតុលាការដើម្បីចាត់ការបន្ដតាមនីតិវិធី។

មន្ដ្រីទាំង៣រូប ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ រួមមាន៖

*ទី១៖ លោក ហាន សាខន អាយុ៤៨ឆ្នាំ មានតួនាទីជា នាយកដែនជម្រកសត្វព្រៃភ្នំព្រេច លំផាត់
*ទី២៖ លោក សារូ រតនា អាយុ៤៦ឆ្នាំ នាយករងរដ្ឋបាលព្រៃឈើ
*ទី៣៖ លោក ហ៊ុន វណ្ណេ អាយុ៥៣ឆ្នាំ នាយសង្កាត់រដ្ឋបាលព្រៃឈើរយ៉ ក្នុងស្រុកលំផាត់។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជាក់ទៀតថា មន្ដ្រីទាំង៣រូបនេះ ជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើជាមួយ ក្រុមហ៊ុនប៉ាស៊ីហ្វិក ដែលក្នុងនោះ ក៏ជាប់ពាក់ព័ន្ធជាមួយក្រុមជនជាតិវៀតណាម ដែលត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារនោះផងដែរ។

យ៉ាងណាក៏ដោយ សម្រាប់ជនដែលពាក់ព័ន្ធផ្សេងទៀត មិនទាន់ត្រូវបានសមត្ថកិច្ចបង្ហាញឈ្មោះនៅឡើយទេ ដោយសារតែការចាប់ខ្លួនបន្ដទៀតនោះ ដោយយោងទៅតាមការឆ្លើយដាក់បន្ទុក មានសាក្សី ភ័ស្ដុតាង និងការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។

ជាមួយគ្នានេះ អតីតមេបញ្ជាការអាវុធហត្ថស្រុកកែវសីម៉ា លោក សាក់ សារុន ដែលជាបងប្រុសបង្កើតរបស់លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការអាវុធហត្ថខេត្តកំពង់ឆ្នាំង ក៏ត្រូវតុលាការចេញដីកាតាមចាប់ខ្លួនផងដែរ៕




Leave a Reply

Your email address will not be published. Required fields are marked *