មាតិការព័ត៌មានថ្មីៗ
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

អភិបាលខេត្តកំពង់ធំ៖ យើងត្រូវរួមគ្នាចូលរួមទប់ស្កាត់ លុបបំបាត់សកម្មភាពដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍

ចេញផ្សាយ ៖ ថ្ងៃចន្ទ័ ១៤ រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៩

អង្គភាពត៌មាន សម្លេងមាតុភូមិ

នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្ដម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ បានធ្វើការ​អំពាវនាវ​ដល់ឯកឧត្តមលោកជំទាវ លោកលោកស្រី មន្រ្តីរាជការ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ​ប្រមាណ ៨០០នាក់ ដែលបានអញ្ជើញចូលរួមនៅក្នុងទិវារំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៤ នៅស្រុកកំពង់ស្វាយ «យើងត្រូវរួមគ្នាចូលរួមទប់ស្កាត់ លុបបំបាត់​សកម្មភាព​ដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍។ ​ពេលត្រឡប់ទៅវិញសូមជួយផ្សព្វផ្សាយបន្តដល់បងប្អូនមិត្តភ័ក្រ្តឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរ។ ការជួយផ្សព្វផ្សាយគឺជាកាយវិការមនុស្សធម៌មួយដ៏ប្រពៃ ព្រោះយើងអាចបានចូលរួមចំណែកជួយសង្គ្រោះជីវិតមនុស្សនៅលើផ្លូវថ្នល់ ដើម្បីកុំឲ្យការសប្បាយដើរកម្សាន្ត ឬការធ្វើដំណើរទៅសួរសុខទុក្ខបងប្អូននៅស្រុកកំណើត ក្លាយជាសោកនាដកម្មនៅក្នុងគ្រួសារទៅវិញ»។

នៅក្នុងឱកាសនោះដែរ ឯកឧត្ដម សុខ លូ ក៏បានលើកឡើងពីមូលហេតុគ្រោះថ្នាក់ចរាចរណ៍រហូតដល់មានការស្លាប់ និងរបួសបង្ក គឺបង្កឡើងដោយសារអ្នកបើកបរ និងអ្នកប្រើប្រាស់ផ្លូវមួយចំនួនមិនគោរពច្បាប់ចរាចរណ៍ ខ្វះការគោរពសិទ្ធិគ្នាបង្កភាពអណាធិបតេយ្យដូចជា៖ បើកបរក្នុងល្បឿនលឿនហួសកំណត់ បើកបរក្នុងស្ថានភាពស្រវឹង បើកបរប្រណាំងប្រជែង បើកបរមិនគោរពផ្លាកសញ្ញា គំនូសសញ្ញា និងភ្លើងសញ្ញាចរាចរណ៍ជាដើម។ល។ ដែលបានបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ដែលមានសភាពធ្ងន់ធ្ងរ បណ្ដាលឱ្យបាត់បង់ជីវិតមនុស្ស ឬរបួសពិការយ៉ាងអាណោចអាធម រួមជាមួយនឹងការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនយ៉ាងច្រើន បន្សល់ទុកនៅកុមារកំព្រា ស្ត្រីមេម៉ាយ ពិការភាព សោកនាដកម្ម និងផលវិបាកជាច្រើនមកលើសង្គមកម្ពុជា​របស់យើង។

ការប្រារព្ធទិវារំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គឺជាការពញ្ញាក់ស្មារតីរបស់រាជរដ្ឋាភិបាលកម្ពុជាឱ្យលាន់ស្នូរកងរំពងសព្វទិសទី រួមជាមួយនឹងការផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី ដើម្បីដាស់តឿនអ្នកប្រើប្រាស់ផ្លូវទាំងអ្នកថ្មើរជើង ទាំងអ្នកបើកបរយានយន្ដគ្រប់ប្រភេទ ឱ្យផ្លាស់ប្ដូរឥរិយាបថ ដែលមិនគោរពច្បាប់មកប្រកាន់យកឥរិយាបថគោរពច្បាប់ មានសណ្ដាប់ធ្នាប់ មានអធ្យាស្រ័យ និងគោរពច្បាប់ចរាចរណ៍នៅពេលធ្វើដំណើរ នៅពេលបើកបរយានយន្ដ ដើម្បីរួមគ្នាទប់ស្ដាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ព្រមទាំងកាត់បន្ថយទុក្ខសោក និងភាពក្រីក្ររបស់ប្រជាពលរដ្ឋឱ្យស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ




Leave a Reply

Your email address will not be published. Required fields are marked *